សូមស្វាគមន៍

Sunday, June 10, 2012

ស្ត្រីមានផ្ទៃពោះ ប្រែ​ប្រួល​សុដន់ ជារឿងធម្មតា ទៅហើយ

ស្ត្រីទូទៅ ​តែងមាន​អាការ​ផ្លាស់​ប្ដូរ ច្រើននៅពេលមានផ្ទៃពោះ ដូចជា​មាន​ការ​ចាញ់ ក្អួត ចង្អោរ​ធុំក្លិន ​អាហារ​មិន​ចង់​ញ៉ាំ តែបើ​សិន​ជា​ញ៉ាំ​បាន គឺ​ញ៉ាំ​រើស​ចំណី ឬ ឆាប់ខឹង​ជា​ដើម។ មិនតែ ប៉ុណ្ណោះ សុដន់​ទាំងពីរ របស់នាង ក៏មាន​ការ​ប្រែ​ប្រួលដែរ ដែលនេះ ជាលក្ខណៈធម្មជាតិ ទៅហើយ ។

ស្ដ្រី​គ្រប់​រូបមិន​ថា​ជាតិ​សាសន៍​ណា​ទេ នៅ​ពេល​ដែល​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ សារ​ពាង្គ​កាយ​របស់​នាង តែងតែ​ប្រែ​ប្រួល ដោយ​សារ​ការ​បម្រែ​បម្រួល​អ័រ​ម៉ូន ​នៅក្នុង​ខ្លួន។ ក្នុងនោះ​សុដន់​របស់នាង ក៏ចាប់ផ្តើមប្រែប្រួលបន្ដិច​ម្ដងៗ​ដែរ​ តាមការ​វិវត្ដន៍​ទៅៗ នៃ​អាយុ​ កាល​របស់​ទារក​នៅ​ក្នុង​ផ្ទៃ ដូចជាត្រង់សុដន់ និង​ចុង​សុដន់ មាន​ការ​រីកធំ​ឡើង​បន្ដិច​ម្ដងៗ ហើយ​តឹង​រហូត​ខុស​ពី​ធម្មតា ចាប់ផ្តើម​សង្កៀរ​តិចៗ នៅ​ពេល​យក​ដៃ​ច្របាច់​សុដន់ ត្រង់ក្បាល​សុដន់ និង​រង្វង់​ជុំវិញ​ក្បាល​សុដន់​ទៅជា​មាន​ពណ៌​ខ្មៅ ឬ​ពណ៌​ត្នោត ​ចេញ​សរសៃ​ពណ៌​ខៀវៗ ​ដែល​ស្ថិត​នៅ​ក្រោម​ស្បែក​សុដន់ ព្រមទាំងមាន​ចេញ​កន្ទួល​តូចៗ នៅ​ជុំវិញ​រង្វង់​ក្បាល​សុដន់ផងដែរ ។ លើសពីនោះនៅ​ពេល​ទារក​មាន​អាយុ​កាល​ជិត​គ្រប់​ខែ សុដន់​ស្ដ្រី​មាន​ចេញ​ទឹក​ពណ៌​សពី​រន្ធ​ក្បាល​សុដន់ ដែល​ហៅ​ថា​ទឹក​ដោះ​ដំបូង​ របស់​ម្ដាយ ដោយ​សារ​មាន​ការ​បម្រែ​បម្រួល​ក្រពេញ​អ័រម៉ូន​មួយ​ចំនួន បាន​បំពេញ​តួនាទី និង​ជំរុញ​សុដន់​ឱ្យ​បញ្ចេញ ទឹក​ដោះ។

ទោះ​បីជា យ៉ាងនេះក្តី ​​ស្ដ្រី​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​រៀង​រាល់​ខែជា​ប្រចាំ ដើម្បី​ពិនិត្យ​ផ្ទៃ​ពោះ និង​ការ​បម្រែ​បម្រួល​ផ្សេងៗ​ទៀត​នៅលើ​រាង​កាយ ដូច​ជាការ​ប្រែ​ប្រួល​សុដន់ ជា​ដើម។ ម្យ៉ាង​ទៀត​ស្ដ្រីត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ជីវ​ជាតិ និង​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេ​អ៊ីនឱ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ជួយ ទ្រទ្រង់​រាង​កាយ​មាំមួន។ ចៀស​វាង​មិន​ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន ឬ​ផ្អែម​ពេក សុរា ឬ​បារី​ឡើយ ព្រោះ​នាំ​ឱ្យ​មាន​ផល ប៉ះ​ពាល់​ដល់​ទារក​ក្នុង​ផ្ទៃ។ មិន​ត្រូវធ្វើ​កិច្ចការ​ណា​ដែល​ធ្ងន់​ធ្ងរ​និង​មិនត្រូវ​ទទួល​តែ​ភាព​ហត់​ នឿយ​ខ្លាំង​ពេក​ទេ៕

No comments: